ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

បញ្ហា​ហិរញ្ញវត្ថុ​គឺ​ជា​រឿង​សំខាន់ ​​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ដូច្នេះ​ហើយ​បាន​ជា​ម្នាក់ៗ​ខិតខំ​ធ្វើ​ការងារ​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​ប្រាក់​ខែ និង ចំណូល​ខ្ពស់។ ​ប៉ុន្តែ អ្វី​ដែល​គ្រប់គ្នា​កំពុង​ជួប​បញ្ហា​នោះ គឺ​ ទោះ​មាន​ចំណូល​ច្រើន​ក៏ដោយ​ ក៏​មិនដែល​សល់​លុយ​ដែរ​។ ​បញ្ហា​នេះ​ បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ ដែល​មនុស្ស​គ្រប់​គ្នា​ខ្វះ​ការ​យកចិត្ត​ទុកដាក់​។

១) ​ចំណាយ​ច្រើន​ជាង​ចំណូល៖ ​ការ​ចំណាយ​គឺ​ជា​រឿង​សំខាន់​មួយ​ ដែល​មនុស្ស​គ្រប់​រួប​ តែង​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ ដោយ​ចាយ​ច្រើន​​​​ខ្ជះខ្ជាយ។ ​​ ការ​ចាយ​លើស​ពី​ប្រាក់​ចំណូល​ គឺ​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ព្រោះ​​គ្មាន​ថ្ងៃ​ណា​ដែល​​លោក​អ្នក​អាច​មាន​លទ្ធភាព​សល់​លុយ​កាក់​សមរម្យ​សម្រាប់​ការ​ចំណាយ​ ឬ ប្រើប្រាស់​ទៅលើ​អ្វី​ចាំបាច់​នោះ​ទេ។ ដូច្នេះ​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​ ហើយ​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន​។​​

២) ​គ្មាន​ទម្លាប់​សន្សំ៖ មនុស្ស​មួយ​ចំនួន​ ​មិន​សូវ​មាន​ទម្លាប់​សន្សំ​ប្រាក់​នោះ​ទេ​ ពោល​គឺ​មាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង​តែ​ម្តង។ ​មនុស្ស​ប្រភេទ​នេះ គ្មាន​ថ្ងៃ​អាច​​​មាន​​​ជីវភាព​ប្រសើរ​​ឡើយ ទោះបី​ជា​ប្រាក់ខែ​ច្រើន​ ឬ ចំណូល​ផ្សេងៗ​ច្រើន​ក៏​ដោយ។ ​​ដូច្នេះ​ហើយ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ ត្រូវ​តែ​ចេះ​លៃលក​សន្សំ​​ឲ្យ​បាន​ទៀងទាត់​។

៣) ​​​មិន​ចេះ​គ្រប់គ្រង​ការ​ចំណាយ​៖ ​អ្នក​ខ្លះ​មិនមែន​ដោយសារ​តែ​គាត់​​ជា​មនុស្ស​ចូលចិត្ត​​ចាយ​លុយ​ខ្ជះខ្ជាយ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​មិន​សូវ​ចេះ​​​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​។ មាន​ន័យ​ថា ​ឲ្យ​តែ​មាន​លុយ​ក្នុង​ហោប៉ៅ​​ប៉ុន្មាន​ គឺ​ដក​មក​ចេះ​តែ​អស់​ ​ហើយ​មិន​ដឹង​ថា ចាយ​ទៅលើ​អ្វី​ខ្លះ​នោះ​ទេ។ ​ដើម្បី​ជៀសវាង​បញ្ហា​នេះ ​​លោក​អ្នក​គួរ​​​គិត​ឲ្យ​ច្បាស់​ថា ​អ្វី​ដែល​ត្រូវ​ចំណាយ​ ​ហើយ​ត្រូវ​កត់ត្រា​ឲ្យ​បាន​ច្បាស់​​ដើម្បី​ប្រាកដ​ថា ​អ្នក​ពិត​ជា​បាន​ចំណាយ​ត្រូវ​ខ្ទង់​ ហើយ​វា​ក៏​ជា​​ទិន្នន័យ​មួយ​​ដើម្បី​គិតគូរ​កែតម្រូវ​នៅ​ពេល​ក្រោយ​។

៤) ​​មិនសូវ​ខ្វល់​ពី​បំណុល៖ ​មនុស្ស​ភាគច្រើន​ គឺ​តែងតែ​ជំពាក់​បំណុល​គេ ​ដោយសារ​តម្រូវ​ការ​ ពង្រីក​អាជីវកម្ម ដោះស្រាយ​ជីវភាព​ ការ​សិក្សា​ និង ការ​ព្យាបាល​សុខភាព​ជាដើម​។​ ​​ក្នុង​​ស្ថានភាព​ណាក៏ដោយ ​​​បំណុល​គឺ​ពិត​ជា​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​​ប្រសិនបើ​​លោក​អ្នក​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ និង​ប្រុងប្រយ័ត្ន ​ជា​ពិសេស​​នៅ​ពេល​លោក​អ្នក​គ្មាន​ចំណូល​ច្បាស់​លាស់។ ​ លើស​ពី​នោះ​ទៀត​ពេល​ដែល​ លោក​អ្នក​មិន​ព្រម​ព្យាយាម​រក​វិធី​សងបំណុល​គេ​ឲ្យ​បាន​ឆាប់​នោះ​ ​​​ជា​ហេតុ​នាំ​ឲ្យ​បំណុល​​កើនឡើង​កាន់តែ​ច្រើនទៅៗ​។ ដូច្នេះ​ហើយ ត្រូវ​ចាត់​ទុក​ការ​សងបំណុល​គេ​ ​ជា​ជម្រើស​ទី​មួយ​ ​ដើម្បី​ជៀសវាង​​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​។ ​បើ​មិន​ដូច្នោះ​ទេ ​លោក​អ្នក​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ ​ជាពិសេស​​ដី​ និង​​ ផ្ទះ​​ក៏​ត្រូវ​គេ​រឹបអូស​យក​ដែរ៕

Source: bizkhmer

%d bloggers like this: