ផាយផេយ (Pi Pay) ចាប់ផ្ដើមដំណើរការសេវាទូទាត់តាមទូរស័ព្ទ ដោយមិនប្រើប្រាស់សាច់ប្រាក់

(ភ្នំពេញ)៖ ផាយ ផេ ជាកម្មវិធីដែលបង្កើតឡើងដោយកម្ពុជា ក្រោមការគាំទ្រពីក្រុមហ៊ុន​បច្ចេកវិទ្យាផ្នែកទូទាត់ប្រាក់​ឈានមុខគេនៅលើសកលលោក ឈ្មោះថា Wirecard និងគាំទ្រដោយធនាគារ ស៊ី អាយ អិម ប៊ី (CIMB) និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា  ហើយកម្មវិធីនេ ផ្ដល់នូវលទ្ធភាពឲ្យអ្នកប្រើប្រាស់​អាចជាវទំនិញដោយមិនបាច់ប្រើសាច់ប្រាក់ និងប្រកបដោយមានសុវត្ថិភាព ដែលប្រើប្រាស់រូបីយវត្ថុប្រាក់រៀល និងប្រាក់ដុល្លារផង នៅតាមបណ្ដាញហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុននានាកាន់តែច្រើនឡើងៗ ដែលប្រើប្រាស់ការទូទាត់តាមសេវា ផាយ ផេយ នេះ ។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ អ្នកដើរទិញទំនិញ ក្នុងរាជធានីភ្នំពេញ ប្រហែលជាបានកត់សម្គាល់ឃើញ​ស្តង់ប្លែកជាច្រើនកន្លែង ដែលមានចំនួនកាន់តែច្រើនឡើងៗ ស្ថិតនៅជាប់នឹងកន្លែងគិតលុយក្នុងហាងទំនិញ ភោជនីយដ្ឋាន និងទីកម្សាន្តនានាជាច្រើន ទូទាំងរាជធានីភ្នំពេញ ដោយសម្គាល់ Logo ពណ៌ផ្កាឈូក ជាមួយនឹងពាក្យថា ផាយ ផេ (Pi Pay) និងបុគ្គលិកវ័យក្មេង ដែលរួសរាយរាក់ទាក់ មានន័យថាទីតាំងខាងលើនោះ ជាទីកន្លែងនាំមុខគេ ក្នុងការចាប់ផ្ដើមប្រើប្រាស់កម្មវិធីទូទាត់ការចំណាយ ដោយមិនប្រើសាច់ប្រាក់ ដែលក្រុមហ៊ុន Pi Pay   មានបំណងកែប្រែរបៀបរបបក្នុងការទូទាត់ប្រាក់ និងការផ្ទេរប្រាក់នៅកម្ពុជាយើងនេះ ។

ផាយ ផេ កំពុងតែបន្ថែមល្បឿន ដើម្បីឆ្ពោះទៅរកការបើកសម្ពោធជាសាធារណៈ តាមរយៈការដាក់ឲ្យប្រើប្រាស់​សាកល្បងជាសាធារណៈសម្រាប់កម្មវិធីនេះ ។ ដូច្នេះ បុគ្គលិកជួរមុខបានត្រៀមខ្លួនរួចជាស្រេចដើម្បីបកស្រាយ​ចំពោះចម្ងល់នានារបស់សាធារណជន ដោយក្នុងចំណោម បុគ្គលិកដែលឈរជើងនៅឯសាខាមហាវិថីព្រះមុនីវង្ស ក្នុងហាង Tous les Jours កញ្ញា ហូយ ហាក់ណែត បានឲ្យដឹងថា «ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចង់ឃើញកម្មវិធីនេះរួចរាល់សម្រាប់សាធារណជនប្រើប្រាស់ ខ្ញុំបានប្រើប្រាស់កម្មវិធីនេះ មួយសប្ដាហ៍មកហើយ ដើម្បីទទួលបានការបញ្ចុះតម្លៃ នៅតាមភោជនីយដ្ឋានមួយចំនួន ដែលខ្ញុំនិយមចូលចិត្ត ហើយកម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់»។

កញ្ញាបានបន្ថែមទៀតថា «មានមនុស្សជាច្រើនបានសួរខ្ញុំថាតើ ផាយ ផេ នឹងជាអ្វី ហើយវាជារឿងគួរឲ្យរីករាយ ដែលនៅ​ពេលនេះ ពួកគេអាចទាញយកកម្មវិធីនេះ និងចាប់ផ្ដើមប្រើប្រាស់បាន ។កម្មវិធី ផាយ ផេ នេះ ត្រូវបានប្រើប្រាស់​សាកល្បង ដោយមនុស្សជាង ១,០០០នាក់ តាមរយៈកូដអញ្ជើញឲ្យប្រើជាពិសេស នាពេលនេះ កម្មវិធី ផាយ ផេ អាចឲ្យមនុស្សគ្រប់គ្នា​ទាញយក​ដោយសេរីពី App Store ឬ Google Play បានហើយ ។ នៅពេលដែលទាញ​យកកម្មវិធីនេះរួចហើយ ការចុះឈ្មោះដើម្បីបើកគណនី ផាយ ផេ និងបញ្ចូលឥណទាន មានភាពសមញ្ញ និងឆាប់រហ័ស ថ្វីដ្បិតតែមានលក្ខខណ្ឌតម្រូវឲ្យអតិថិជនថ្មី ចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនតាមខ្លួន នៅពេលចុះឈ្មោះក្តី»។

លោក ម៉ៃឃើល ឆាយ នាយកផ្នែកទីផ្សារ របស់រោងកុន Legend ដែលទើបបើកបញ្ចាំងខ្សែភាពយន្តល្បីៗរបស់ហូលីវូដ​មានចំណងជើងថា «Transformers: The Last Knight” បានមានប្រសាសន៍ថា៖ “ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ផាយ ផេយ គឺជាឱកាសថ្មីដ៏អស្ចារ្យមួយទៀតសម្រាប់ពួកយើង ដែលអាចនាំអ្នកដែលចូលចិត្តមើលកុន ដោយការរីករាយទស្សនានូវ​ខ្សែភាពយន្តល្បីៗ​របស់យើង នៅតាមបណ្ដារោងកុន លីជែន (Legend) ទាំងអស់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ។ ក្រៅពីផ្ដល់នូវ​ដំណោះស្រាយ ក្នុងការទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងការផ្ទេរប្រាក់ប្រកបដោយ​ភាពងាយស្រួលពីអ្នកប្រើប្រាស់​ម្នាក់ទៅម្នាក់ទៀត កម្មវិធីនេះក៏banបំពាក់នូវសេវាដ៏ទំនើបសម្រាប់ការជជែក ផ្ញើសា ការចែករំលែករូបភាព និងវីដេអូ ព្រមជាមួយនឹងមុខងារកំណត់ទីតាំងផែនទី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកមិត្តភក្តិ និងដែគូរពាណិជ្ជករ ដែលនៅជិតៗខ្លួនបានផងដែរ»។

លោក ថូម៉ាស់ ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា អ្វីដែលអតិថិជនត្រូវធ្វើ គឺគ្រាន់តែទាញយកកម្មវិធីនេះ ហើយអនុវត្តតាមលក្ខខណ្ឌចុះឈ្មោះ ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និងបញ្ចូលប្រាក់ចូលទៅ ក្នុងគណនីគឺជាការស្រេច ហើយអតិថិជនអាចបញ្ចូលទឹកប្រាក់តាមទូរស័ព្ទគឺ ផេយអែន ហ្គោ  (Pay&Go) ឬនៅតាមសាខារបស់ ផាយ ផេយ ដែលឈរជើងជាមួយដៃគូពាណិជ្ជកររបស់ក្រុមហ៊ុន៕

Source: freshnewsasia.com

%d bloggers like this: